សាលាជាតិជាតិផែនការ និងស្ថិតិ (សជផស) គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ដែលផ្តល់ការអប់រំ និងបណ្តុះបណ្តាលជំនាញផែនការ ស្ថិតិ និងប្រជាសាស្ត្រ តាមរយៈមហាវិទ្យាល័យផែនការអភិវឌ្ឍន៍ មហាវិទ្យាល័យស្ថិតិ និងមជ្ឈមណ្ឌលបណ្តុះបណ្តាល ស្រាវជ្រាវ និងអភិវឌ្ឍន៍ ដើម្បីចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនិងកសាងសមត្ថភាព មន្ត្រីផែនការ និងអ្នកស្រាវជ្រាវគោលនយោបាយ។
សាលាជាតិជាតិផែនការ និងស្ថិតិ ផ្តល់នូវទ្រឹស្តី វិធីសាស្ត្រ និងឧបករណ៍វិភាគចាំបាច់សម្រាប់ ការអនុវត្តក្នុងការកសាង គោលនយោបាយអន្តរវិស័យក្នុងកម្រិត ជាតិ តំបន់ និងអន្តរជាតិ ដើម្បីបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយបរិយាបន្ន មានទំនុកចិត្ត និងមានប្រសិទ្ធភាពខ្ពស់។
ប្រវត្តិនៃការកកើតដោយសង្ខេប៖
- ១៤ ខែកក្កដា ឆ្នាំ២០២២ ដល់បច្ចុប្បន្ន៖ សាលាជាតិផែនការ និងស្ថិតិ (National School of Planning and Statistics – NSPS) ត្រូវបានបង្កើតដោយអនុក្រឹត្យលេខ១៤៤ អនក្រ.បក ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២
- ឆ្នាំ២០០០ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២៖ មជ្ឈមណ្ឌល បណ្តុះបណ្តាល ផែនការ-ស្ថិតិ
- ពីឆ្នាំ១៩៨៦ ដល់ ឆ្នាំ២០០០៖ សាលាមធ្យមផែនការ
ចំនួនអ្នកបញ្ចប់ការសិក្សា
- ពីឆ្នាំ ១៩៨៦ ដល់ ២០២២៖ បណ្តុះបណ្តាលនិស្សិត និងមន្ត្រីរាជការបាន ៣២ជំនាន់ ទទួលបានកម្រិតបរិញ្ញាបត្ររងនៃជំនាញផែនការ ដែលមានចំនួន ៣០២៧នាក់ ក្នុងនោះ ស្រី មាន៨៤៨នាក់
- បច្ចប្បន្ន និស្សិតទាំងនោះជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងផែនការ និងមន្ទីរផែនការខេត្តរាជធានីទាំង២៥។ និស្សិតខ្លះទៀតកំពុងបម្រើការក្នុងសាកលវិទ្យាល័យ និង ក្រសួងមន្ទីរពាក់ព័ន្ធនានា
ចក្ខុវិស័យ៖ សាលាជាតិផែនការ និងស្ថិតិ នឹងក្លាយជាគ្រឹះស្ថានឧត្តមសិក្សានាំមុខគេ ក្នុងការអប់រំ បណ្តុះបណ្តាល និងស្រាវជ្រាវក្នុងវិស័យផែនការ និងស្ថិតិនៅកម្ពុជា និងក្នុងតំបន់។:
បេសសកម្ម ៖ សាលាជាតិផែនការ និងស្ថិតិ ផ្តល់ការអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស ស្រាវជ្រាវ និងនវានុវត្តន៍ប្រកបដោយគុណភាព សមត្ថភាព និងបរិយាបន្ន ឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងនិរន្តរភាព។